ជីវិតរស់នៅប្រចាំថ្ងៃ

ផលិតករបរទេសនិងខ្មែរមួយក្រុមបានចាប់ដៃគូថត TV Pilot ដ៏ថ្មីមួយក្នុងស្រុកខ្មែរ

By  | 

សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែទំនើប ឯវិស័យថតភាពយន្តក្នុងប្រទេសខ្មែរយើងក៏កំពុងតែឈានជើងសន្សឹមៗទៅរកអ្វីដែលថ្មី និងប្រកបដោយគុណភាពច្បាស់លាស់ថែមមួយកម្រឹតទៀត។ កន្លងមកមានខ្សែភាពយន្តខ្មែរមួយចំនួនបានវាយលុកក្នុងទីផ្សារបរទេសទៀតផង ដែលជារឿងមួយគួរឲ្យស្ញប់ស្ញែង និងកោតសរសើរដល់ស្នាដៃផលិតករខ្មែរ។ ក្នុងនោះសង្កេតឃើញថា នៅពីក្រោយភាពជោគជ័យខ្លះ ក៏មានការចូលរួមចំណែកពីសំណាក់អ្នកផលិតកុនជាជនបរទេសផងដែរ ដែលពួកគាត់បានផ្តល់ទាំងកំលាំងកាយ និងកំលាំងចិត្តជួយដល់កម្ពុជា។

Lets get started!

Meeting with the main casts before getting started

ក្រឡេកមកមើលកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក៏មានការលេចលឺអំពីការថត កម្មវិធីទូរទស្សន៍ រឺ TV Pilot ក្រោមខ្សែរឿងដែលមានចំណងជើងថា “Paralysis” ដែលជាការសហការគ្នារវាងអ្នកផលិតកុនជនជាតិអូស្ទ្រា២រូប ខ្មែរ២រូប និងក្រុមការងារស្ម័គ្រចិត្តខ្មែរចំនួន៥នាក់ទៀត។ ការថតចំណាយពេលមិនដល់៣អាទិត្យផង តែគុណភាពនៃការថត ក៏ដូចជាបទពិសោធន៍ដែលពួកគេទទួលបានពិតជាអ្វីមួយដែលថ្មីសម្រាប់ពួកគេនីមួយៗ។

During the shooting of Paralysis

លោក វី ពៅ (Vi Peou) ជាអ្នកថតរូបខ្មែរអនិកជនមកពីសហរដ្ឋអាមេរិច និងជាអ្នកដឹកនាំរឿង “Paralysis” បានវិវត្តិជំនាញរបស់ខ្លូនក្នុងការសរសេរScriptប្រមាណជា២ឆ្នាំទៅមុននេះ។​ ពាក់ព័ន្ធទៅនឹងអត្ថន័យនៃចំណងជើងមួយនេះ លោកបាននិយាយថា «Paralysis  ជាសកម្មភាព រឺអារម្មណ៍ម៉្យាងដែលមនុស្សមានអំឡុងពេលគេង ដែលវាជាអារម្មណ៍ភ័យខ្លាច និងរន្ធត់ ហាក់ដូចជាមានអ្វីសង្កត់ រឺធ្វើបាបពួកគេក្នុងសុបិន្ត។» ដោយហេតុថាលោកបានលឺរឿងបែបនេះ​កើតឡើងទៅលើមនុស្សភាគច្រើន ហើយវាជារឿងពិតមិនមែនគ្រាន់តែជាការស្រមើស្រមៃ លោក វី ក៏បានសម្រេចចិត្តតែងរឿងមួយនេះឡើងដើម្បីធ្វើការថតចេញជាTV Pilotមួយនៅក្នុងស្រុកខ្មែរ។

មិនយូរប៉ុន្មាន គំនិតរបស់លោកក៏ត្រូវបានយល់ព្រម។ លោកទទួលបានការជួយសហការពីមិត្តភក្តិដែលជាអនិកជនខ្មែរអាមេរិចដូចគ្នា ដែលជាអ្នកផលិតកម្មវិធីនៅប៉ុស្តិ័ទូរទស្សន៍CTN និងថែមទាំងជាអ្នកច្នៃម៉ូតដ៏ល្បីមួយរូបផងដែរ នោះគឺ លោក ហ៊ូ រ៉េមី (Hou Remy)។ ដោយធ្លាប់មានបទពិសោធន៍ក្នុងវិស័យភាពយន្តក្នុងស្រុកខ្មែរច្រើនដែរ ក្រោយពីបានដឹងពីខ្សែរឿង “Paralysis” លោក រ៉េមី ក៏មានគំនិតចូលរួមក្នុងការផលិតតែម្តង។ លោក រ៉េមី បានរៀបរាប់ថា​ «ការនិពន្ធនៃសាច់រឿងនេះធ្វើឲ្យខ្ញុំស្រមៃឃើញនូវអ្វីដែលថ្មីនិងប្លែក ដោយមានលាយឡំឈុតឆាករន្ធត់និងភ័យខ្លាចចូលគ្នា ដូច្នេះខ្ញុំមានបំណងចង់ដាក់បង្ហាញឲ្យសាធារណៈជនបានឃើញជាខ្សែភាពយន្ត ដោយបច្ចេកទេសថតស្របទៅតាមស្តង់ដារ។»

Left to right, Mr. Ferdi (DoP) and Mr. Vi (Director)

ពីដំបូងឡើយ លោក វី មិនរំពឹងថានឹងថតអ្វីធំដុំឡើយ តែវាអាចថាជាសំណាងរបស់លោកដែលបានជួបអ្នកជំនាញក្នុងការថតភាពយន្តជនជាតិអូទ្រីស២រូប ហើយពួកគេទាំងពីរក៏បានស្ម័គ្រចិត្តចូលរួមជួយ។ លោក Ferdi Koestler ជាអ្នកគ្រប់គ្រងខាងបច្ចេកទេសថត DoP (Director of Photography) ក្នុងការថតរឿង “Paralysis” ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាវាជាលើកដំបូងបង្អស់ដែលលោកបានប្រឡូកក្នុងការថតនៅទឹកដីកម្ពុជា។ Ferdi បាននិយាយថា «បើទោះបីជាប្រទេសកម្ពុជាជាប្រទេសតូចមួយដែលកំពុងអភិវឌ្ឍន៍មែនពិត​ តែបន្ទាប់ពីឈានជើងចូលប្រទេសនេះបានប្រមាណ២ ៣​ដង ខ្ញុំពិតជាឃើញនូវឥទ្ធិពល និងសក្តានុពលនៅទីនេះ ហើយខ្ញុំសង្ឃឹមថា ការថតនេះនឹងទទួលបានលទ្ធផលនៅថ្ងៃខាងមុខ។»​

Mr. Skander (Camera Assistance) getting ready for shooting

មិនតែប៉ុណ្ណោះ Ferdi  ក៏មានមិត្តភក្តិម្នាក់ទៀតមកជាមួយផងដែរ ដែលបានធ្វើជាជំនួយការថត ដែលមានឈ្មោះ Skander Kourgli។  ពួកគេទាំងពីរសុទ្ធតែបានទទួលការហ្វឹកហាត់យ៉ាងច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈនៅក្នុងការថតភាពយន្ត នៅទីក្រុង វ្យេន (Vienne) នៃប្រទេសអូទ្រីស (Austria)។ ស្របពេលដែលធ្វើដំណើរកំសាន្តមកកាន់ប្រទេសនៅអាស៊ី ដោយមានឧបករណ៍ថតមកជាមួយដែរនោះ ពួកគេក៏ឆ្លៀតឳកាសនោះយកបទពិសោធន៍បន្ថែមទៀត ក៏ដូចជារួមចំណែកក្នុងការចែករំលែកផងដែរ។ Skander បានបង្ហាញការភ្ញាក់ផ្អើលលាយឡំអារម្មណ៍រំភើបដែលបានធ្វើជាជំនួយការងការថតនេះ។ «ខ្ញុំបានស្វែងយល់នូវអ្វីដែលថ្មីច្រើន ជាពិសេសគឺទំនៀមទម្លាប់នៃជនជាតិខ្មែរតែម្តង ក្រុមការងារនីមួយៗគោរពសិទ្ធិគ្នាបានល្អ ពោរពេញទៅដោយការយោកយល់និងអធ្យាស្រ័យគ្នា ចេះបង្កើតបរិយាកាសរីករាយនៅពេលថត ដែលជាស្មារតីលើកទឹកចិត្តដ៏សំខាន់សម្រាប់គ្រប់គ្នា» ដែលទាំងនេះជាការយល់ឃើញរបស់ Skander។

គួរបញ្ជាក់ផងដែរថា ក្នុងការផលិតTV Pilot នេះ គឺពុំមានការឧបត្ថម្ភពីខាងក្រុមហ៊ុន រឺរោងភាពយន្តណានៅឡើយទេ ដូច្នេះរាល់ការចំណាយទៅលើការថតរយៈពេល២អាទិត្យនោះសុទ្ធសឹងតែជាលទ្ធភាពផ្ទាល់ខ្លួនរបស់ផលិតករទាំងអស់។ លើសពីនេះទៅទៀត ក៏មានការស្ម័គ្រចិត្តចូលរួមជួយទាំងពីតួអង្គសម្តែង អ្នកជួយទំនាក់ទំនងស្វែងរកទីតាំង ដែលពួកគាត់បានផ្តល់ទាំងកំលាំងស្មារតី និងកំលាំងញើសឈាមដើម្បីធ្វើឲ្យការថតមានភាពរលូន។ អាចនិយាយបានថាវាជាចំណុចដ៏អស្ចារ្យមួយដែលពួកគាត់ចំណាយទៅលើអ្វីដែលពួកគាត់សង្ឃឹមថានឹងអាចផ្តល់ប្រយោជន៍ និងជួយលើកតម្តើនដល់វិស័យភាពយន្តក្នុងប្រទេសកម្ពុជា។ ដូច្នេះកុំភ្លេចតាមដានជាមួយ The LXC ទាំងអស់គ្នា ដើម្បីដឹងពីពត៌មានបន្តបន្ទាប់អំពីរឿង “Paralysis”៕

One scene of Paralysis

Talents and Make up artist

The talents and their charming smile

Before shooting

One scene from Paralysis