ជីវប្រវត្តិ

កូនខ្មែរបង្ហាញវត្តមានក្នុងប៉ុស្តិ៍ NAT GEO ព្រោះតែសមត្ថភាពទំនាក់ទំនងជាមួយសត្វ

By  | 

លោកហ៊ីន រតនា( Rattana Hin)ជាកូនខ្មែរដំបូងគេដែលបានបង្ហាញវត្តមានរបស់ខ្លួននៅលើស្ថានីយ៍ទូរទស្សន៍ល្បីមួយរបស់សហរដ្ឋអាមេរិក National Geographic (NAT GEO) ព្រោះតែសមត្ថភាពក្នុងទំនាក់ទំនងជាមួយសត្វចិញ្ចឹមពោលគឺសត្វឆ្កែ ឲ្យចេញស្តាប់បង្កាប់ព្រមទាំងមានទំនាក់ទំនងល្អជាមួយម្ចាស់ថែមទៀតផង។ 

កម្មវិធីដែលលោក រតនាបានចូលរួមគឺកម្មវិធី Cesar’s Recruit: Asian ដែលជាកម្មវិធីមួយរបស់ប៉ុស្តិ៍ របស់ ទូរទស្សន៍ National Geographic (NAT GEO) ដែលមានការចូលរូមពីបណ្តាលប្រទេសផ្សេងទៀតនៅអាស៊ី ដើម្បីធ្វើការបង្ហាញពីសមត្ថភាពនៃការបង្ហាត់សត្វចិញ្ចឹមរបស់ខ្លួនទៅតាមវគ្គនីមួយៗផងដែរ។

លោក រតនាបាននិយាយថា មូលហេតុដែលលោកសម្រេចចិត្តចូលរួមក្នុងកម្មវិធីមួយនេះគឺ លោកចង់ចែករំលែកនូវចំណេះដឹងក្នុងការបង្ហាត់សត្វចិញ្ចឹមឲ្យចេះស្តាប់បង្គាប់ ព្រមទាំងបង្ហាញពីរបៀបនៃការទំនាក់ទំនងល្អរបៀបសត្វចិញ្ចឹមនិងម្ចាស់ផងដែរ។

លោកបានបន្ថែមទៀតថា៖ «ហើយមួយវិញទៀត ខ្ញុំចង់អោយពិភពលោកដឹងថា នៅប្រទេសកម្ពុជាក៏មានទំនួលខុសត្រូវក្នុងការចិញ្ចឹមសត្វឆ្កែ ស្រលាញ់វា និងមានការបង្ហាត់សត្វឆ្កែដូចបណ្តាលប្រទេសផ្សេងទៀតផងដែរ។  កុំអោយគ្រប់បណ្តាប្រជាជនអឺរ៉ុបគិតថា នៅអាស៊ីយើងបរិភោគសត្វឆ្កែ ដូចេ្នះក្នុងនាមតំណាងអោយប្រទេសកម្ពុជា ខ្ញុំចង់បង្ហាញថាមិនមែនទាំងអស់នោះទេ។»

សព្វថ្ងៃ លោកហ៊ីន រតនា ជាគ្រូបង្ហាត់សត្វឆ្កែមួយរូបក្នុងសហគមន៍ Raymond’s K9 academy ដែលទីតាំងស្ថិតនៅក្នុងរាជធានីភំ្នពេញ។ អ្វីដែលជំរុញទឹកចិត្តលោកអោយប្រឡូកក្នុងជំនាញនេះ ពីព្រោះកាលពីក្មេងលោកចូលចិត្តសត្វឆ្កែ និងចង់លេងជាមួយវា ប៉ុន្តែលោកមិនហ៊ានប៉ះនោះទេព្រោះតែការភ័យខ្លាច និងមិនយល់ពីវាច្បាស់ តែពេលយល់ពីវាកាន់តែច្បាស់ លោកក៏ចាប់ចូលចិត្តវាកាន់តែច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃ។

លោកក៏បានប្រាប់មកកាន់The LXC ថា នៅពេលលោកមានអាយុ២៧ឆ្នាំ លោកក៏បានធ្វើដំណើរទៅរៀនពីការបង្ហាត់សត្វចិញ្ចឹមទាំងនោះមកពី៣ប្រទេសផ្សេងគ្នា ដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។

លោកក៏បានបន្តថា ការចិញ្ចឹមសត្វឆ្កែ និងបង្ហាត់វាតែងតែមានផលវិបាកខ្លះមិនមែនអត់នោះទេ ព្រោះពេលខ្លះវាក៏មានអារម្មណ៍មិនល្អដូចគ្នា ហេតុនេះយើងមិនត្រូវបង្ខំវាអោយធ្វើកាយវិកាយណាមួយពេកដែលវាមិនចង់ធ្វើនោះទេ។

លើសពីនេះទៅទៀត លោកតែងតែឲ្យរង្វាន់សត្វចិញ្ចឹមទាំងនោះនៅពេលធ្វើអ្វីមួយបានល្អ ដែលនេះជាវិធីសាស្ត្រ ក្នុងការលើកទឹកចិត្តវា។ ជាចុងក្រោយលោកចង់ឲ្យអ្នកដែលមានសត្វឆ្កែទាំងអស់ឲ្យស្រលាញ់វាអោយបានច្រើនដូចជាគ្រួសាររបស់យើង និងកុំយកវាទៅបោះចោលនៅតាមផ្លូវ ដូចជាពាក្យគេនិយាយមួយថាសត្វចិញ្ចឹមក៏មានមនោសញ្ចេតនាដែរ៕