ជីវិតរស់នៅប្រចាំថ្ងៃ

ពីក្មេងស្រីមិនសូវចេះមាត់ក មកជាចំណាប់អារម្មណ៌សង្គម

By  | 

ផល្លីណាជាកូនខ្មែរម្នាក់ដែលធំធាត់ឡើងនៅលើទឹកដីនៃរដ្ឋមួយរបស់សហរដ្ឋអាមេរិកគឺ រដ្ឋកាលីហ្វូញ៉ា(California)។ ត្បិតតែនាងធំធាត់ឡើងនៅសហរដ្ឋអាមេរិកក៍ពិតមែនតែការដែលនាងត្រូវបានចិញ្ចឹមបីបាច់ឡើងមកនោះគឺមិនខុសពីក្មេងទូទៅដែលរស់នៅលើទឺកដីខ្មែរឡើយពោលគឺតឹងរឹង។ ផល្លីណាបានប្រាប់LXCក្នុងបទសម្ភាសន៏តាមរយៈទូរស័ព្ទថានាងមិនត្រូវបានអនុញ្ញាតអោយចេញដើរហើរដោយសេរីដូចក្មេងដទៃទេមានន័យថាចេញតែពីរៀនគឺចូលផ្ទះ។

ផល្លីណាបានបង្ហើបថារបៀបដែលនាងត្រូវបានចិញ្ចឹមបីបាច់មកជាផ្នែកមួយដែលបានជះឥទ្ធិពលមួយផ្នែកធំដល់អត្តចរិករបស់នាងនាពេលនោះបូករួមទាំងបរិស្ថានជុំវិញខ្លួនផងទៀតនោះធ្វើអោយនាងក្លាយជាមនុស្សម្នាក់ដែលហាក់បីដូចជាឃ្លាតចាកឆ្ងាយនិងខុសប្លែកពីក្មេងដទៃទៀតដែលមានអាយុប្រហាក់ប្រហែលនឹងនាង។

មុនពេលចូលរៀនថ្នាក់វិទ្យាល័យផល្លីណាជាក្មេងមិនសូវនិយាយស្តីឡើយហើយក៍មិនសូវមានមិត្តភក្តិដែរ។ កាលពីផល្លីណាស្ថិតក្នុងថ្នាក់Middle school និង Elementary school (កម្រិតអនុវិទ្យាល័យ) នាងត្រូវទទួលរងនូវរឿងរ៉ាវជាច្រើនដែលបង្កអោយការរាប់អានមិត្តភក្តិជារឿងមួយដ៏ពិបាកសម្រាប់នាង។ នាងត្រូវបានគេសើចចំអកដោយសារតែនាងមានរូបរាងខ្ពស់ខុសពីគេ។ នាងមិនដឹងថាត្រូវធ្វើយ៉ាងណាចំពោះការសើចចំអកនេះឡើយក្រៅតែពីទទួលយកវាមកដាក់ខ្លួន។ ជាលទ្ធផលនាងជាក្មេងស្ងៀមស្ងាត់និងមិនសូវហ៊ានរាប់អានអ្នកជុំវិញខ្លួនធ្វើជាមិត្តឡើយ។

ក៏ប៉ុន្តែទាំងនេះមិនមែនជាការបញ្ចប់របស់នាងឡើយ ផ្ទុយទៅវិញនេះគ្រាន់តែជា​​ការចាប់ផ្តើមទេ​។​​ស្របពេលនិងការ ព្យាយាមសម្របខ្លួននឹងមជ្ឈដ្ឋានជុំវិញខ្លួននោះ នាងបានប្រើពេលវេលារបស់នាងស្វែងយល់ពីអ្វីដែលខ្លួនឯងចូលចិត្តធ្វើ ហើយនោះគឺសិល្បៈ។

ផល្លីណាបាននិយាយថា៖ “អ្វីដែលខ្ញុំគិតដល់នៅពេលនោះគឺព្យាយាមបង្ហាញពីខ្លួនឯងអោយបានប្រសើរជាងមុន តាមរយៈការធ្វើនូវអ្វីដែលមានខ្ញុំពេញចិត្ត”​  ។

នាងបានអោយដឹងថាកាលពីពេលនោះជារឿយៗនាងតែងតែមើលកុនប្រភេទក្លាសិក អានសៀវភៅ ប្រមូលទស្សនាវដ្តីទាក់ទងនឹងFashionទុក  និងពិសេសនោះនាងតែងសង្កេតពីអាកប្បកិរិយារបស់មនុស្សមានដូចជា

ទឹកមុខ អារម្មណ៍ និងការនិយាយស្តី។ អ្វីដែលសំខាន់មួយទៀតនោះគឺការសរសេរ។ ផល្លីណាបានអះអាងថានាងជាបុគ្គលដែលចូលចិត្តការសរសេរគ្រប់ទម្រង់មិនថាជាលក្ខណកំណាព្យ រឺប្រលោមលោកឡើយសុទ្ធតែជាចំណូលចិត្តរបស់នាងទាំងអស់។

គ្រប់យ៉ាងដែលនាងធ្វើនេះគឺដើម្បីប្រមូលគំនិតសម្រាប់ជម្រុញការបង្កើតនូវស្នាដៃថ្មីមួយដែលជារបស់ខ្លួននាងផ្ទាល់តែប៉ុណ្ណោះដែលជាជាក់ស្តែងនាងបាននិពន្ធកំណាព្យមួយចំនួនផងដែរ ហើយទម្លាប់របស់នាងនោះដែរក៏បានចាក់រឹសហើយវិវត្តទៅជាផ្លែផ្កានៅពេលដែលនាងរៀនចប់ថ្នាក់វិទ្យាល័យ។

ផល្លីណាបានចង្អុលបង្ហាញពីចំណុចផ្លាស់ប្តូរដ៏ធំមួយក្នុងជីវិតរបស់នាងនោះគឺការប្តូរពីមនុស្សដែលមិនសូវចេះចូលសង្គម(Introvert) មកជាមនុស្សដែលប្រាស្រ័យខ្លួនយ៉ាងជិតស្និតនិងសង្គម (Extrovert)ដោយក្នុងនោះផល្លីណាសម្រេចចិត្តប្រឡូកខ្លួនក្នុងវិស័យបង្ហាញម៉ូត។ បើគិតមកទល់ពេលនេះ នាងប្រឡូកក្នុងវិស័យនេះបាន៨ឆ្នាំមកហើយ ក៏ប៉ុន្តែការដើរម៉ូតមិនមែនជាការងារតែមួយដែលផល្លីណាអាចធ្វើបាននោះឡើយ។

ក្រៅពីជាអ្នកបង្ហាញម៉ូត ពេលខ្លះនាងជាអ្នកថតរូប និង ពេលខ្លះទៀតនាងជាអ្នកដឹកនាំសម្តែងទៀតផង (creative directing)។  សព្វថ្ងៃនាងជា Talent Manager របស់ប្រេនមួយហើយឆ្លៀតពីការងារ នាងតែងចំណាយពេលសហការជាមួយអ្នកសិល្បៈដទៃទៀតដែលរស់នៅក្នុងសហរដ្ឋអាមេរិកដូចគ្នាដើម្បីបង្កើតជាស្នាដៃថ្មីៗទាក់ទងនិងវិស័យដើរម៉ួត។

ចំពោះអ្នកដទៃដែលមិនមែនជាផល្លីណាប្រហែលជាមានអារម្មណ៏មិនល្អចំពោះអ្វីដែលកើតឡើងមកលើនាងជាក់ជាមិនខានតែសម្រាប់ផល្លីណាផ្ទាល់ នាងពិតជាអរគុណដល់គ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតនាងនាពេលនោះណាស់​។

នាងយល់ឃើញថាបើសិនជានាងមិនបានឆ្លងកាត់ពេលវេលាទាំងនោះទេនាងក៏មិនមែនជានាងដូចរាល់ថ្ងៃនេះឡើយព្រោះពេលវេលាទាំងនោះបានផ្តល់ឱកាសអោយនាងស្វែងយល់ពីខ្លួនឯងនិងអ្វីដែលនាងចង់និងចូលចិត្តធ្វើ។

នាងបាននិយាយថា៖ “តាមពិតទៅអ្វីដែលកើតឡើងទាំងអស់នោះហើយដែលជម្រុញអោយខ្ញុំកាន់តែស្វាហាប់ឡើងនិង

ធ្វើអោយខ្ញុំបានក្លាយជាខ្លួនខ្ញុំដូចសព្វថ្ងៃនេះ”៕