ចម្រៀង

សម្រាប់ Peace Chong «ឪឡឹក» ប្រៀបបានទៅនឹង…

By  | 

អាល់ប៊ុម «ឪឡឹក»​ របស់អ្នកចម្រៀងរ៉េបវ័យក្មេងប្រកបទៅដោយវហាស័ព្វកំប្លុកកំប្លែង កម្លោះស្បែកជើងផ្ទាត់ លោក ជុង សៀវភីន រឺ PEACE CHONG បានធ្វើការសម្ភោធន៍កាលពីថ្ងៃទី៣០ខែមិថុនាកន្លងទៅនេះដោយមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។ ការតុបតែងឆាកដ៏ថ្មីស្រលាងនៅ Factory Phnom Penh ដោយមានភ្លើងចម្រុះពណ៌ គួបផ្សំជាមួយការសម្តែងដ៏រស់រវើករបស់សៀវភីន និងក្រុមការងារ បានធ្វើឲ្យអ្នកទស្សនាស្រែកហូរកញ្រ្ចៀវ រាំតាមចង្វាក់ភ្លេងរហូតដល់ចប់កម្មវិធី។

សៀវភីនបានលាយឡំគ្រប់រសជាតិ ទាំងលើកទឹកចិត្ត ន័យស៊ីជម្រៅ ក៏ដូចជាកំប្លុកកំប្លែង ទៅក្នុងអាល់ប៊ុមដំបូងបង្អស់មួយនេះ ដែលសរុបមានចំនួន៧បទ។ លោកនិយាយថា «ខ្ញុំគិតថាចម្រៀងរបស់ខ្ញុំ ប្រហែលមិនមែនទាំងអស់គ្នាសុទ្ធតែស្តាប់ហើយអាចយល់គ្រប់គ្នានោះទេ លុះត្រាតែគេកំពុងតែស្ថិតក្នុងកាលៈទេសៈដែលត្រូវការអ្វីមួយ រឺក៏ត្រូវបើកចិត្តឲ្យទូលាយទទួលយកនូវសិល្បៈនៃការតែងនិពន្ធថ្មី។»

ក្រៅពីអត្ថន័យនិងភាពប៉ិនប្រសប់ក្នុងការផលិតចម្រៀង ចំណុចដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើនចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺនៅលើចំណងជើងនៃអាល់ប៊ុមតែម្តង។ ឪឡឹក? តើផ្លែឪឡឹកមានអ្វីពាក់ព័ន្ធជាមួយនឹងជីវិតរស់នៅ និងតម្រូវការរបស់មនុស្ស? សៀវភីនបានប្រៀបប្រដូចឪឡឹកទៅនឹងមនុស្សធម្មតាទៅតាមស្រទាប់របស់វា។ «ផ្លែឪឡឹកមាន៣ស្រទាប់ សំបក សាច់ និងគ្រាប់ វាដូចគ្នាទៅនឹងមនុស្សយើងដែរ» នេះបើតាមសម្តីរបស់កម្លោះសង្ហាស្បែកជើងផ្ទាត់សៀវភីន។

លោកលើកឡើងថា សំបកឪឡឹកគឺហាក់ដូចជាស្បែកដែលបង្ហាញពីរូបភាពខាងក្រៅរបស់មនុស្សម្នាក់ៗ សាច់ខាងក្នុងគឺជាអត្តចរឹត រីឯគ្រាប់ប្រៀបបានទៅនឹងសកម្មភាពប្រចាំថ្ងៃ​ មានត្រូវមានខុស។ មនុស្សមិនអាចមើលងាយ រឺវាយតម្លៃមនុស្សតែនៅសំបកក្រៅបានទេ លុះត្រាតែស្គាល់គ្នាច្បាស់ប្រាកដ ទើបអាចដឹងពីធាតុពិតបាន។ ពេលដែលមនុស្សដឹងពីគ្នាច្បាស់ ចេះអធ្យាស្រ័យ និងជួយគ្នាទៅវិញទៅមក នោះហើយជាពេលដែលគ្រាប់ពូជនឹងដុះ រីកចម្រើនទៅមុខបាន ជាជាងស្តីបន្ទោសដោយមិនមានកែលម្អសោះ។

តារារ៉េបវ័យ២៣ឆ្នាំរូបនេះ បានបន្ថែមទៀតថា «ការគិតម្នាក់ៗគឺខុសគ្នា ខ្ញុំយល់ឃើញបែបនេះ អ្នកផ្សេងអាចមិនឃើញផ្សេងពីនេះទៀត​។» យ៉ាងណាមិញ ក្នុងសង្គមសព្វថ្ងៃនេះ មានមនុស្សមួយចំនួនធំមិនហ៊ានបញ្ចេញនូវគំនិតផ្ទាល់ខ្លួន លាក់លៀម ខ្លះបំផុសស្មារតីទៅផ្លូវមិនល្អ ដែលទាំងនេះជាមូលហេតុជម្រុញឲ្យសៀវភីនរួមបញ្ចេញសម្លេងជំនួសអ្នកទាំងនោះ។ បើទោះបីជាពេលខ្លះអាចនឹងមិនសមរម្យសម្រាប់មនុស្សមួយចំនួនក្តី តែក៏សៀវភីននៅតែប្រកាន់គោលជំហរខិតខំធ្វើទៅតាមផ្លូវល្អតែប៉ុណ្ណោះ។

កន្លងមក សៀវភីន ធ្លាប់បានផលិតវីដេអូកំសាន្តប្លែកៗនៅលើបណ្តាញសង្គមYouTube ហើយថែមទាំងជាអ្នកដឹកនាំវីដេអូចម្រៀងខ្មែរOriginalល្បីៗមួយចំនួនទៀតដូចជា បទរបស់បុណ្យភូមិ (២០១៦ដល់២០១៨) ក្មេងខ្មែរ Khmer Pride ក៏ដូចជាជា DoP នៃបទរបស់Small World Small Band ផងដែរ។ សកម្មភាពជាច្រើនដែលសៀវភីនបានធ្វើ ទទួលបានការគាំទ្រទាំងពីមិត្តរួមសិល្បៈជាមួយគ្នា ក៏ដូចជាយុវជនខ្មែរជាទូទៅ។ «ខ្ញុំចូលចិត្តចែករំលែកនូវរឿងរ៉ាវផ្សេងៗទៅកាន់អ្នកជុំវិញខ្លួន ហើយខ្ញុំជឿថាមានវិធីជាច្រើនក្នុងការចែករំលែកសារទាំងនោះ អាចជាភាពយន្ត រឺក៏ចម្រៀងជាដើម»។ ទាំងអស់នេះហើយដែលអាចកើតចេញជា «ឪឡឹក»!