ជីវប្រវត្តិ

កង្វះការគាំទ្រចង់ពន្លត់ក្តីសុបិនអ្នកច្នៃម៉ូតវ័យក្មេងខ្មែរ

By  | 

លោក ជៀប ស៊ីបូរ៉ា វ័យ២៦ឆ្នាំ ត្រូវបានមហាជនស្គាល់តាមរយៈស្នាដៃច្នៃម៉ូតសំលៀកបំពាក់ គ្រងលើតុក្កតាបាប៊ី តំណាងឲ្យរាជធានីខេត្តទាំង២៥របស់កម្ពុជា។ អ្នកច្នៃម៉ូតវ័យក្មេង មានស្រុកកំណើតនៅលើទឹកដីអង្គរបានទទួលការគាំទ្រ និងស្ញើចសរសើរជាច្រើនចំពោះម៉ូតសំលៀកបំពាក់របស់លោក ដែលមានភាពស្រស់ស្អាត និងបង្ហាញពីវប្បធម៌របស់ខ្មែរ។ បើទោះបីមានការគាំទ្របែបនេះក្ដី លោកបូរ៉ា លើកឡើងថា ក្ដីសុបិនមួយរបស់លោកនៅមិនទាន់លេចចេញជារូបរាង ខណៈចំណាយពេល៥ឆ្នាំមកហើយ លើការច្នៃម៉ូតសំលៀកបំពាក់ទាំងនោះ។

ថ្លែងប្រាប់ The LXC តាមទូរស័ព្ទលោក ជៀប ស៊ីបូរ៉ា លើកឡើងថា លោកតែងស្រម៉ៃចង់ឲ្យ ម៉ូតសំលៀកបំពាក់តំណាងឲ្យកម្ពុជាទូទាំង២៥ខេត្តក្រុង ក្លាយជាសំលៀកបំពាក់ពិត និងស្លៀកពាក់ដោយមនុស្សពិត។ យ៉ាងណាមកទល់ពេលនេះ លោកបូរ៉ា អះអាងថានៅមិនទាន់មានការឧបត្ថម្ភ ឬជួយគាំទ្រណាមួយដើម្បីអាចសម្រចបំណងរបស់លោកនោះទេ ខណៈការបង្កើតសំលៀកបំពាក់សម្រាប់តុក្កតាបាប៊ី លោកបានចំណាយថវិការផ្ទាល់ខ្លួនទាំងស្រុង។

លោកបាននិយាយថា៖ «ចង់ឲ្យវាក្លាយជាសំលៀកបំពាក់ពិត ប៉ុន្តែអត់មានឱកាស អ្នកខ្លះទាក់ទងមកដែរតែស្ងាត់ទៅវិញពេលនិយាយរឿងតម្លៃអីហ្នឹង។ ពេលខ្លះអន់ចិត្តដែរ ពេលយើងមានកម្មវិធីចង់ផ្សព្វផ្សាយសម្លៀកបំពាក់វប្បធម៌ខ្មែរ យើងអំពាវនាវឲ្យគេជួយ តែអត់មានអ្នកជួយ រៀងអន់ចិត្តដែរ»។

លោក បូរ៉ា បន្ថែមទៀតថា លោកធ្លាប់ចង់ចាប់អាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់នេះ និងចង់ឲ្យសម្លៀកបំពាក់តំណាងកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិដូចជាប្រទេសដទៃដែរ ប៉ុន្តែក្រោយតស៊ូក្នុងការងារនេះប្រមាណ៥ឆ្នាំ លោកថាមានការនឿយហត់ និងបាក់ទឹកចិត្តក្នុងការធ្វើបន្តទៀត។

បូរ៉ាបន្តទៀតថា៖ «តុក្តតា២៥ខេត្ត ចំណាយតុក្កតា១វា៣០ ទៅ៤០ដុល្លារ ហើយត្រូវទិញហូល សំពត់ ក្រណាត់អីទៀតវាអស់លុយច្រើន។ និយាយទៅខាតទាំងពេលវេលា ខាតទាំងលុយខ្លួនឯង ហើយអត់ចំណេញ វាខាតខ្លាំង។ ដោយសាតែមិត្តភក្ដិក្នុងហ្វេកប៊ុកគាត់ចេះតែលើកទឹកចិត្តឲ្យធ្វើទៀតទៅ ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ប្រទេស ចេះតែទ្រាំធ្វើទៅ តែតាមការពិតទៅអត់ចង់ធ្វើទៀតទេ មានអារម្មណ៍ថាហត់ ហើយចង់សម្រាក ចង់រកការងារផ្សេងធ្វើវិញ»។

នៅក្នុងឆ្នាំ២០១៨នេះលោក ជៀប ស៊ីបូរ៉ា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបរវកញ្ញាតុក្កតាបាប៊ីបន្តទៀត ខណៈលោកអះអាងថានឹងឈប់ពីការងារនេះក្នុងពេល២ ទៅ៣ឆ្នាំទៀត។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅដើមខែសីហាខាងមុខ ដោយលោកនឹងរៀបចំការបោះឆ្នោតនៅលើហ៊្វេសប៊ុក ទៅលើម៉ូតសម្លៀកបំពាក់ប្រចាំរាជធានីខេត្ត ដែលទើបបានរចនាថ្មីសម្រាប់ឆ្នាំ២០១៨នេះ។

ការប្រឡូកចូលក្នុងការងារនេះ ដំបូងឡើយលោក បូរ៉ា បានជំនះការជំទាស់របស់ឳពុកម្ដាយ ព្រោះលោកចង់ផ្សព្វផ្សាយម៉ូតសម្លៀកបំពាក់បុរាណរបស់ខ្មែរ។ លោកថាការយកសំលៀកបំពាក់ខ្មែរទៅបំពាក់លើតុក្កតាបាប៊ី នឹងនាំឲ្យមានការចាប់អារម្មណ៍ច្រើនពីអន្តជាតិ។ បន្ថែមពីនេះលោកក៏ចង់ឲ្យសម្លៀកបំពាក់តំណាងខេត្តក្រុងកម្ពុជា ក្លាយជាសម្លៀកបំពាក់ពិត ស្លៀកពាក់ដោយមនុស្សពិតផងដែរ ប៉ុន្តែមកទល់ពេលនេះលោកលែងរំពឹងហើយថាក្ដីសុបិនរបស់លោកនឹងក្លាយជាការពិត៕

ប្រភពរូបភាព៖ គណនីហ្វេកបុក Bora Apsara Barbie