ជីវិតរស់នៅប្រចាំថ្ងៃ

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ជាសំណង់ប្រវត្តិសាស្ត្រអស្ចារ្យបំផុតលើពិភពលោក

By  | 

សរសេរដោយ៖ T.SH

ប្រភពរូបភាព៖ ក្រសួងទេសចរណ៍, Sovan Pov

ជាមោនភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា ប្រាសាទអង្គរវត្ត ត្រូវបានគេហទំព័រទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ផ្ដល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រាសាទប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ក្នុងចំណោមសំណង់ធំៗទាំង២៥ ក្នុងពិភពលោក។

ពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅខាងមុខប្រសាទអង្គរវត្តផ្ទាល់តែម្ដង។ បើតាមការប្រកាសរបស់ក្រសួងទេសចរណ៍ ពីធីប្រគល់ពានរង្វាន់នោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឯកឧត្តម សុខសង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី សារ៉ាម៉ាធ្យូស៍ ប្រធានTripAdvisor និងមានការចូលរួមពីមន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាច្រើននាក់ទៀតផងដែរ។

លោកស្រី សារ៉ា ម៉ាធ្យូស៍ ប្រធានTripAdvisor មានប្រសាសន៍ថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក។

គួររបញ្ជាក់ថាកាលពីឆ្នាំ២០១៤ ប្រសាទអង្គរវត្តបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតលើពិភពលោកនៅលើគេហទំព័រ ArcheaoMadness។ បន្ទាប់មកនៅឆ្នាំ២០១៦ អង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ Lonely Planet។ នៅឆ្នាំ២០១៨នេះ អង្គរវត្ត ក៏ទទួលបានជ័យលាភីជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោកផងដែរ៕