ព័ត៌មាន ប៉ុប

អ្នកស្រី ម៉ៅ សំណាង ត្រលប់មកវិញជាមួយស្នាដៃនិពន្ធថ្មីរឿង «ប្រលោមចិត្ត»

By  | 

លោកអ្នកប្រហែលធ្លាប់បានឃើញឈ្មោះ ម៉ៅ សំណាង ហៅទន្សាយ នៅលើគម្របសៀវភៅប្រលោកលោកជាច្រើន។ អ្នកស្រី ម៉ៅ សំណាង ជាអ្នកនិពន្ធជើងចាស់ មានឈ្មោះបោះសំឡេងក្នុងវិស័យនិពន្ធ។ គិតត្រឹមឆ្នាំ១៩៨១ អ្នកស្រីបាននិពន្ធរឿងប្រលោមលោក ចំនួន១២០រឿងទៅហើយ។

នៅរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ អ្នកស្រីម៉ៅ សំណាង បានបាត់មុខពីការតែងនិពន្ធ ដែលអ្នកស្រីអះអាងថា ដោយសារតែបញ្ហាសុខភាព និងពេលវេលា។

កាលពីពេលថ្មីៗនេះ​អ្នកស្រី ម៉ៅ សំណាង ឲ្យដឹងថា អ្នកស្រីបានសម្រេចចិត្តត្រលប់មក ចាប់កាន់ស្លាបប៉ាកាឡើងវិញ ក្រោយសុខភាពបានរឹងមាំ និងមានការលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ។

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានជូនពរ និងស្នើឲ្យអ្នកស្រីបន្តការសរសេរ រឿងប្រលោមលោកឡើងវិញ។ ឆ្លើយតបចំពោះការទទូចសុំបែបនេះ ​អ្នកស្រី ម៉ៅ សំណាង បានប្រកាសថា អ្នកស្រីនឹងបោះពុម្ភសៀវភៅប្រលោមលោកថ្មីមានចំណងជើង «ប្រលោមចិត្ត» នៅចុងឆ្នាំ២០១៨នេះ។

នៅលើទំព័រហ្វេសប៊ុក​អ្នកស្រី ម៉ៅ សំណាង បានលើកឡើងថា៖« ខ្ញុំកំពុងតែត្រៀមបោះពុម្ភ ប្រលោមលោកថ្មីមួយ ដែលមានចំណងជើងថា ប្រលោមចិត្ត។ គ្រាន់តែលឺសូរចំណងជើង មិត្តអ្នកអានប្រាកដជាបានយល់ហើយ ប្រលោមចិត្ត គឺមានអត្ថរសអប់រំ តម្លៃសន្ដិភាពផ្លូវចិត្ត បណ្ដុះបណ្ដាលនូវចិត្តមេត្តា ទន់ភ្លន់ ស្មោះត្រង់ ហើយប្រលោមចិត្តក៏ជួយរួមចំណែក ដើម្បីលួងលោមចិត្ត អ្នកមានវិបត្តិទាំងអស់…»។

អ្នកនិពន្ធជើងចាស់ ដែលធ្លាប់ឆក់យកដួងចិត្តអ្នកអាន និងឈ្នះពានរង្វាន់ផ្នែកនិពន្ធជាច្រើន បានបន្តថា អ្នកស្រីនឹងនៅតែធ្វើកិច្ចការតែងនិពន្ធ ដែលអ្នកស្រលាញ់រៀងមកជាបន្តទៀត មិនថា១០ ឬ២០ឆ្នាំទៀត ប្រសិនបើមានការគាំទ្រ និងលើកទឹកចិត្តពីមិត្តអ្នកអាន៕